អត្ថបទខាងក្រោមនឹងបង្ហាញឲ្យអ្នកដឹងពីកំហុសមួយចំនួនក្នុងការសង្គ្រោះបឋម ប៉ុន្តែក៏បង្ហាញឲ្យដឹងផងដែរអំពីរបៀបឬវិធីសាមញ្ញត្រឹមត្រូវមួយចំនួនដែលអ្នកអាចយកវាមកអនុវត្ត ដើម្បីសង្គ្រោះជីវិតនរណាម្នាក់បាន៖
១. ព្យាយាមធ្វើឲ្យខ្លួនឯងបែកញើស នៅពេលអ្នកគ្រុនក្ដៅ គឺជាគំនិតអាក្រក់មួយ
នៅពេលដែលអ្នកឈឺ ហើយមានអារម្មណ៍ថាក្ដៅឬចំហាយក្ដៅស្របពេលដែលអ្នកកំពុងត្រជាក់ឡើងញ័រក្នុងពេលតែមួយនោះ វាចង្អុលបង្ហាញឲ្យដឹងថាសីតុណ្ហភាពរាងកាយរបស់អ្នក គឺកំពុងតែឡើងខ្ពស់ហើយ។ នៅពេលដែលយើងយកអ្វីមួយមកដណ្ដប់ ដើម្បីទទួលបានភាពកក់ក្ដៅនោះ សីតុណ្ហភាពនឹងកាន់តែកើនឡើងយ៉ាងឆាប់រហ័ស។ បើទោះជាកំដៅអាចជួយយើងប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគក៏ដោយ ក៏សីតុណ្ហភាពរាងកាយមួយដែលកើនដល់ ៣៨ អង្សារសេ អាចធ្វើឲ្យមានគ្រោះថ្នាក់ជាងផ្ដល់ផលល្អ។ ប្រសិនបើសីតុណ្ហភាពរាងកាយរបស់អ្នកកំពុងតែខ្ពស់ រួមជាមួយនឹងអាការៈញ័រញាក់ថែមទៀតនោះ អ្វីដែលអ្នកត្រូវការ គឺភាពកាន់តែត្រជាក់ជាជាងភាពកក់ក្ដៅ។
២. កុំព្យាយាមដាក់អ្វីក្នុងមាត់មនុស្សដែលជម្ងឺឆ្កួតជ្រូក
អ្នកអាចធ្វើឲ្យធ្មេញរបស់នរណាម្នាក់បាក់បាន ប្រសិនបើអ្នកយកអ្វីមួយរឹងទៅដាក់ក្នុងមាត់របស់ពួកគេ។ ខណៈពេលកំពុងប្រកាច់ មនុស្សដែលមានជម្ងឺឆ្កួតជ្រូកមិនអាចខាំអណ្ដាតរបស់ខ្លួនឯងបានទេ ព្រោះអំឡុងពេលនេះរាងកាយ គឺកំពុងតែរឹង ដោយសារការទទួលរងនូវកម្លាំងទាញបង្ខំខ្លាំង។ ពួកគេអាចនឹងខាំបានបន្តិចបន្តួច ប៉ុន្តែនេះមិនបង្កជាគ្រោះថ្នាក់ប៉ះពាល់ណាមួយឡើយ។ អ្វីដែលប្រសើរបំផុតដែលអ្នកអាចធ្វើបានដើម្បីជួយនោះ គឺយកអ្វីដែលមានសភាពទន់ៗមកដាក់នៅក្រោមក្បាលរបស់អ្នកជម្ងឺ ការធ្វើបែបនេះអាចជួយកុំឲ្យទទួលរងផលប៉ះទង្គិចមិនល្អណាមួយចំពោះខួរក្បាល។ នៅពេលសាច់ដុំឈប់កន្ត្រាក់ អ្នកត្រូវបង្វែរខ្លួនអ្នកជម្ងឺទៅម្ខាង។
៣. កុំលាបគ្រីមលើស្បែកដែលរលាកភ្លាមៗ
នៅពេលដែលស្បែកទទួលរងការរលាក វានឹងធ្វើឲ្យមានកម្ដៅកើនច្រើនលើសលប់ចូលជ្រៅទៅក្នុងជាលិការាងកាយ។ ជម្រើសល្អបំផុតដែលអ្នកត្រូវធ្វើអំឡុងពេលជួបប្រទះស្ថានភាពបែបនេះនោះ គឺដាក់កន្លែងដែលរលាកចូលទៅក្នុងទឹកត្រជាក់សម្រាប់រយៈពេល ១៥ នាទី។ វិធីនេះនឹងជួយកាត់បន្ថយ ក៏ដូចជាបំបាត់កម្ដៅដែលលើស។ អ្នកមិនត្រូវយកអ្វីមកត្រដុសត្រង់ស្បែកដែលរងផលប៉ះពាល់ភ្លាមឡើយ ព្រោះការធ្វើបែបនេះហាក់ដូចជាឃាត់កម្ដៅឲ្យនៅ។ ទោះជាយ៉ាងណា អ្នកអាចយកអ្វីមកត្រដុសលើស្បែកបាននៅរយៈពេល ២០ នាទីក្រោយ ឬច្រើនជាងនេះ។
៤. កុំព្យាយាមទាញឬអូសនរណាម្នាក់ដែលកំពុងរងរបួសនៅតាមកន្លែងណាមួយ ដោយគ្មានវត្តមានគ្រូពេទ្យនៅទីនោះ
ប្រសិនជាមានគ្រោះថ្នាក់ណាមួយកើតឡើងនៅតាមផ្លូវ កុំព្យាយាមទាញឬធ្វើឲ្យមនុស្សដែលកំពុងរងរបួសកម្រើក ជាពិសេសនោះ គឺកុំព្យាយាមទាញជនរងគ្រោះចេញពីរថយន្តដោយខ្លួនអ្នកផ្ទាល់។ ការធ្វើបែបនេះមានតែធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ឡើងតែប៉ុណ្ណោះ។ ទោះជាយ៉ាងបម្រាមនេះអាចត្រូវបំពាន ក្នុងករណីមានស្ថានភាពធ្ងន់ធ្ងរចាំបាច់ខ្លាំងបំផុតណាមួយឧទាហរណ៍ដូចជារថយន្តបានឆេះ ។ នេះជាអ្វីដែលអ្នកត្រូវធ្វើជំនួស ៖ ដំបូងទាក់ទងខលហៅរថយន្តសង្គ្រោះបន្ទាន់ ប្រសិនបើអ្នកអាចត្រូវពន្លត់ម៉ាស៊ីនរថយន្តផង បន្ទាប់មកកាត់ផ្ដាច់ថាមពលដែលភ្ជាប់ទៅនឹងអាគុយ។ ព្យាយាមជួយឃាត់ឈាមជនរងគ្រោះ និងលួងលោមយ៉ាងណាឲ្យជនរងគ្រោះស្ងប់អារម្មណ៍។
៥. ប្រសិនជានរណាម្នាក់កំពុងឈ្លក់ ឬស្លាក់ កុំទះថើរៗឬគោះខ្នងរបស់ពួកគេ
ប្រសិនបើអ្នកទះខ្នងអ្នកដែលកំពុងតែស្លាក់នោះ វានឹងធ្វើឲ្យអ្វីដែលពួកគេកំពុងតែស្លាក់ធ្លាក់ឆ្លងដល់បំពង់ខ្យល់។ អ្វីដែលអ្នកគួរធ្វើនោះ គឺជួយអ្នកដែលស្លាក់ឲ្យទ្រោបខ្លួន ត្រូវប្រាកដថាពួកគេស្ងប់អារម្មណ៍មិនស្លន់ស្លោ ហើយអ្នកត្រូវប្រាប់ពួកគេឲ្យដកដង្ហើមចេញចូលយឺតៗបំផុតចំនួន ២ ដង។ វិធីនេះនឹងជួយសម្រួលបន្ធូរដល់ការស្លាក់ ហើយធ្វើឲ្យអ្វីដែលនៅរាំងស្ទះផ្លូវដង្ហើមត្រូវជ្រុះចេញ។
៦. កុំព្យាយាមទាញអណ្ដាតនរណាម្នាក់ដែលដួលសន្លប់ចេញមកក្រៅ
វាជាប្រការដ៏មានគ្រោះថ្នាក់បំផុតសម្រាប់អ្នកដែលសន្លប់ ប្រសិនបើពួកគេសន្លប់ផ្ងារមុខ ខណៈដែលអណ្ដាតរបស់ពួកគេធ្លាក់ចុះនិងបិទបាំងផ្លូវដង្ហើម។ ដើម្បីប្រាកដថាស្ថានភាពបែបនេះមិនកើតឡើង វាគ្រប់គ្រាន់ហើយដោយគ្រាន់តែអ្នកបង្វែរជនរងគ្រោះឲ្យផ្អៀងទៅម្ខាង ត្រូវបង្វែរក្បាលរបស់ពួកគេក៏បាន។ អ្នកមិនគួរព្យាយាមទាញអណ្ដាតរបស់ពួកគេចេញពីមាត់ឡើយ។
៧. កុំប្រើប្រដាប់ចងទប់ឈាមលើរបួស ប្រសិនបើមិនមានការហូរឈាមចេញពីសសៃឈាមក្រហម
ការហូរឈាមតាមសសៃឈាមក្រហម គឺងាយស្រួលសម្គាល់ននិងមើលឃើញណាស់ ប៉ុន្តែមិនមានតាមពណ៌នៃឈាមដូចដែលអ្នកធ្លាប់បានដឹងពេលរៀននៅសាលានោះទេ។ នៅក្នុងសសៃឈាមក្រហម ឈាម គឺបូមក្នុងល្បឿនលឿនខ្ពស់ក្រោមសម្ពាធ ដូច្នេះប្រសិនបើវាធ្លាយចេញមកក្រៅតាមរបួសនោះវាមិនមែនហូរទេ វានឹងបាញ់ឡើង។ ក្នុងករណីនេះ អ្នកត្រូវសង្កត់សសៃឈាមក្រហមនៅនឹងក្រលៀននិងក្រោមក្លៀកភ្លាម ហើយទាញអវយវៈឲ្យជិតដងខ្លួន ប្រើប្រាស់ប្រដាប់ចងទប់ឈាមឬខ្សែក្រវ៉ាត់រុំជុំវិញសម្លៀកបំពាក់។ ប្រសិនបើវាជាការហូរឈាមនៃសសៃឈាមខ្មៅ បង់សម្រាប់រុំរបួសគួរតែត្រូវបានប្រើ ប៉ុន្តែមិនត្រូវប្រើប្រដាប់ចងទប់ឈាមឡើយ ព្រោះវាអាចធ្វើឲ្យឈាមនៃអវយវៈហួតអស់តាមរបៀបមួយដែលមិនអាចត្រឡប់មកវិញបាន។
៨. កុំត្រដុសជាលិកាផ្នែកណាមួយនៅលើរាងកាយដែលងាប់ដោយសារភាពត្រជាក់
នៅពេលដែលយើងដុសឬត្រដុសចុងដៃចុងជើងដែលកកដោយសារភាពត្រជាក់នោះ វាដូចនឹងការបំផ្លាញសសៃឈាមឆ្មារៗរបស់យើងអ៊ីចឹង។ មិនត្រឹមតែប៉ុណ្ណឹងទេ វានឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ជាងមុនឡើងថែមទៀត។ ទឹកក្ដៅ គឺជាវិធីដ៏ល្អប្រសើរមួយដើម្បីជួយក្នុងករណីនេះ។ ប្រសិនបើអ្នកមានស្បែកម្រាមដៃជើងងាប់ដោយសារតែភាពត្រជាក់នោះ អ្នកគួរតែសាកល្បងកម្ដៅផ្នែកនៃរាងកាយដែលរងផលប៉ះពាល់យឺត ដាក់ដៃរបស់អ្នកចូលក្នុងទឹកត្រជាក់វានឹងបង្កើតសីតុណ្ហភាពបន្តិចម្ដងៗ។
៩. ចេះវាយតម្លៃកម្លាំងរបស់អ្នក ព្រមទាំងគិតដោយសមហេតុផលនិងហ្មត់ចត់ មុនពេលអ្នកព្យាយាមជួយអ្នកដទៃ
ក្នុងករណីមានអាសន្នបន្ទាន់ណាមួយ អ្នកគួរតែគិតពិចារណាជាមុនសិនថាតើសកម្មភាពណាខ្លះដែលអាចនឹងធ្វើឲ្យអ្នកមានគ្រោះថ្នាក់ ហើយអ្នកគួរតែជួយសង្គ្រោះគេនៅពេលណាដែលអ្នកប្រាកដថាអ្នកនឹងមិនធ្វើឲ្យខ្លួនឯងមានគ្រោះថ្នាក់នៅពេលធ្វើដូច្នេះ។ ឧទាហរណ៍ដូចជា ប្រសិនបើអ្នកប៉ះពាល់មនុស្សម្នាក់ដែលកំពុងឆក់ខ្សែភ្លើង នោះវានឹងអាចក្លាយជាមានជនរងគ្រោះពីរនាក់ជំនួសឲ្យម្នាក់ជាក់ជាមិនខាន។ ក្នុងករណីរនេះ អ្នកត្រូវបិទប្រភពចរន្តអគ្គិសនីជាមុនសិន ឬក៏ប្រើឧបករណ៍ធ្វើពីឈើណាមួយ ដើម្បីញែកជនរងគ្រោះចេញពីប្រភពឆ្លងចរន្ត៕
Post a Comment