បុរសរូបនេះត្រូវបានចាប់ខ្លួន កាលពីម្សិលមិញ នៅក្នុងខេត្ត Pampanga។ ជាទូទៅ បទភ្លេងជាតិហ្វីលីពីន Lupang Hinirang (ដែនដីនៃពេលព្រឹក) ត្រូវបានចាក់មុនការបញ្ចាំងកុនចុងក្រោយប្រចាំថ្ងៃ។ ក្រមព្រហ្មទណ្ឌនៃប្រទេសហ្វីលីពីន បានចេញច្បាប់ដាក់ទណ្ឌកម្ម ចំពោះអ្នកដែលមិនគោរពទង់ជាតិនិងភ្លេងជាតិ ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រកាលពីខែកក្កដា។
តាមពិតវាកម្រនឹងមានអ្នកដែលត្រូវបានផាកពិន័យដោយសារច្បាប់នេះណាស់ ប៉ុន្តែលោក Gonzales ពិតជាសំណាងអាក្រក់ដោយសារតែលោក Elmer Cato ដែលជាអ្នកការទូតរបស់ប្រទេសហ្វីលីពីន បានអង្គុយពីក្រោយខ្លួន នៅក្នុងរោងកុនជាមួយគ្នា។
លោក Cato បានសរសេរសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា "ខ្ញុំមិនដែលមានកំហឹងបែបនេះទេពីមុនមក ប៉ុន្តែខ្ញុំមិនអាចទ្រាំជាមួយនឹងបុរសម្នាក់ នៅពីមុខខ្ញុំ ដែលមិនព្រមងើបឈរគោរពភ្លេងជាតិ នៅពេលដែលអ្នកគ្រប់គ្នាក្រោកឈរទាំងអស់ សូម្បីតែបងថ្លៃខ្ញុំនិងជនបរទេសផ្សេងទៀតក៏ក្រោកឈរដែរ ពេលកំពុងមើលរឿង Justice League។"
ជាមួយគ្នានេះ លោក Cato បានប្រាប់ប៉ូលិសថា លោកបានប្រាប់លោក Gonzales ឲ្យក្រោកឈរពីរដងដែរ ប៉ុន្តែរូបគេនៅតែបដិសេធនិងបន្តញ៉ាំពោតលីងធ្វើមិនដឹង។ អ្នកការទូតរូបនេះ បានព្យាយាមទប់កំហឹងអស់រយៈពេលពីរម៉ោងជាង មុនពេលដែលគេទៅប្រាប់ប៉ូលិសឲ្យចាប់ខ្លួន លោក Gonzales។
យ៉ាងណាមិញ លោក Gonzales បានច្រានចោលការចោទប្រកាន់របស់លោក Cato។ ប៉ុន្តែប្រសិនបើលោក Gonzales ត្រូវគេរកឃើញថា មិនគោរពភ្លេងជាតិមែននោះ លោកអាចនឹងត្រូវផាកពិន័យពី ១០០ ដល់ ៤០០ដុល្លារ និងអាចជាប់ពន្ធធនាគាររយៈពេល ១ឆ្នាំទៀតផង៕
Post a Comment